Pages

Saturday, April 4, 2015

Century 21 មានដៃគូកាន់តែច្រើននៅកម្ពុជា

                 
     ភ្នំពេញ: ស្លាកសញ្ញារបស់ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីលំដាប់អន្តរជាតិ Century 21 បានបង្ហាញវត្តមាននៅកម្ពុជាតាមរយៈក្រុមហ៊ុនដៃគូចំនួន ១៥ ហើយបើគិតត្រឹមសប្តាហ៍នេះ។
លោក Kevin Goos អគ្គនាយកក្រុមហ៊ុន Century 21 Cambodia បានថ្លែងក្នុងពិធីមួយនៅសណ្ឋាគារសូហ្វីតែល កាលពីថ្ងៃចន្ទកន្លងមកថា Century 21 គឺជាម៉ាកមួយដ៏ល្បីដែលត្រូវបានគេជឿទុកចិត្ត និងមានបណ្តាញអន្តរជាតិជាច្រើន។
លោកបានថ្លែងថា៖ «អ្វីដែលយើងបានធ្វើនៅកម្ពុជា គឺធ្វើឲ្យទីផ្សារមួយនេះមានភាពរឹងមាំ និងមានភា្នក់ងារធ្វើការងារប្រកបដោយវិជ្ជាជីវៈ ដើម្បីឲ្យពួកគេមានសមត្ថភាពអាចប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ និងបម្រើការបានក្នុងទីផ្សារសកល»។
ដោយមានសាខា ៧១០០ នៅក្នុងប្រទេសចំនួន ៧៥ និងមានភ្នាក់ងារជាង ១០ ម៉ឺននាក់លើពិភពលោកនោះ Century 21 បានឈរក្នុងទីតាំងដ៏ល្អក្នុងការលើកតម្កើងការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា។
លោក Goos អះអាងថា៖ «កម្ពុជា មានភាពទាក់ទាញខ្លាំងក្នុងទីផ្សារវិស័យអចលនទ្រព្យនៅក្នុងតំបន់អាស៊ី ដោយមានអចលនទ្រព្យថ្មីៗនៅកម្ពុជាជាច្រើនកំពុងដាក់លក់នៅលើទីផ្សារអន្តរជាតិ»។
លោក Jason Wang នាយកក្រុមហ៊ុន Operation Taiwan បាននិយាយថា ក្រុមហ៊ុន Centery 21 ទទួលបាននូវទំនុកចិត្តយ៉ាងខ្ពស់ពីសំណាក់អ្នកវិនិយោគធំៗ។ ខណៈទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសតៃវ៉ាន់ នាពេលថ្មីៗនេះមានការធ្លាក់ចុះនោះ អ្នកវិនិយោគនឹងសម្លឹងមកកាន់ទីផ្សារកម្ពុជាតាមរយៈការធ្វើបណ្តាញយ៉ាងសកម្មជាមួយក្រុមហ៊ុន Century 21។
លោក Wang មានប្រសាសន៍ថា៖ «គម្រោងអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា ដែលបានដាក់បង្ហាញនៅលើគេហទំព័ររបស់តៃវ៉ាន់កំពុងទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់វិនិយោគិនតៃវ៉ាន់ និងអ្នកអភិវឌ្ឍន៍ក្នុងតំបន់។ ត្រង់ចំណុចនេះបង្ហាញពីភាពខ្លាំងនៃការធ្វើបណ្តាញរបស់ក្រុមហ៊ុន Century 21 នៅក្នុងតំបន់ ខណៈយើងកំពុងធ្វើការរួមគ្នាក្នុងការលើកតម្កើងគម្រោងក្នុងប្រទេសជិតខាងបន្ថែមទៀត»។
ក្រុមហ៊ុនទទួលសិទ្ធិពីក្រុមហ៊ុន Century 21 មិនត្រឹមតែអាចធ្វើបណ្តាញជាសកលប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងទទួលបានប្រយោជន៍ជាច្រើនពីយីហោដែលមានប្រសិទ្ធភាព បច្ចេកទេស ការហ្វឹកហាត់តាមរយៈសាកលវិទ្យាល័យ Century 21 និងការគាំទ្រផ្នែកទីផ្សារទៀតផង។
ក្នុងឱកាសនោះលោក Kevin ក៏បានបង្ហាញពីសេវាកម្មបន្ថែមដែលក្រុមហ៊ុន Century21 ទើបនឹងបង្កើតហៅថា Showroom Pro ផងដែរ។ សេវាកម្មថ្មីនេះនឹងជួយអ្នកអភិវឌ្ឍន៍ក្នុងការរៀបចំ Showroom ឲ្យស្របតាមនិយាមអន្តរជាតិដោយមានសេវាកម្មលក់យ៉ាងល្អ។
លោក Kevin ថ្លែងថា៖ «គម្រោងដែលមានប្រាក់រាប់រយលានដុល្លារបានខាតបង់ប្រាក់ជារៀងរាល់ថ្ងៃ ព្រោះតែកង្វះខាតបុគ្គលិកផ្នែកលក់ក្នុង Showroom ហើយវាប្រហែលអាចជាបញ្ហាដ៏ធំដែលអ្នកអភិវឌ្ឍន៍កំពុងជួបប្រទះនៅកម្ពុជា»៕

No comments:

Post a Comment