ស្ថិតក្នុងវ័យ ២៤ ឆ្នាំ យុវជន គង់ សុលីយ៉ា បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ហើយបានក្លាយជានាយកប្រតិបត្តិក្រុមហ៊ុនដឹកជញ្ជូន «ជូនអ្នក» មួយនៅរាជធានីភ្នំពេញដែលទើបតែចាប់ផ្តើមសម្ពោធជាផ្លូវការកាលពីថ្មីៗកន្លងទៅនេះ។
យុវជនដែលទើបតែបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនង និងទីផ្សាររូបនេះបានឲ្យដឹងថា ដោយសារតែលោក បានកត់សម្គាល់ឃើញពីការខ្វះខាតនៃសេវាកម្មដឹកជញ្ជូនដល់កន្លែងនៅកម្ពុជា ទើបលោកសម្រេចចិត្តជ្រើសរើសយកមុខរបរមួយនេះឡើង។
លោកអះអាងថា មនុស្សចាប់ផ្តើមរវល់ខ្លាំងទៅៗ ពិសេសបច្ចុប្បន្ននេះយុវវ័យភាគច្រើនចាប់ផ្តើមទិញទំនិញអនឡាញច្រើន ដូច្នេះហើយទើបលោកបង្កើតសេវាកម្មនេះ ដើម្បីសម្រួលការងាយស្រួលដល់សហគ្រាសតូច ឬមធ្យម ក៏ដូចជាសម្រាប់អ្នកទិញ និងអ្នកលក់ផងដែរ។
លោកថា សម្រាប់អ្នកលក់ គេមិនចាំបាច់ចំណាយពេលច្រើនក្នុងការដឹកជញ្ជូនទំនិញទាំងនោះទៅឲ្យអតិថិជនរបស់គេផ្ទាល់ទេ គឺគេអាចប្រើប្រាស់សេវារបស់យើងបាន។
ក្នុងការចាប់ផ្តើមក្រុមហ៊ុនមួយនេះ លោក សុលីយ៉ា បានចំណាយទុនគោលជាង ៣០០០០ ដុល្លារ ដែលភាគច្រើន គឺចំណាយទៅលើមធ្យោបាយដឹកជញ្ជូន។ មធ្យោបាយដឹកជញ្ជូនដែលលោកមានជាជំហានដំបូង គឺមានចំនួន ១០ គ្រឿង ទាំងធំ និងតូច ហើយលោករំពឹងថា ក្នុងរយៈពេល ៦ ខែ ចំនួននេះនឹងកើនឡើងទ្វេដង។
នាយកប្រតិបត្តិវ័យក្មេងរូបនេះបានបន្ថែមទៀតថា ក្រុមហ៊ុននេះធ្វើការដឹកជូនទូទាំងរាជធានីភ្នំពេញ ហើយនឹងមានសេវាកម្មតាមខេត្តក្នុងពេលឆាប់ៗនេះ។
ចំពោះតម្លៃទៀតសោត គឺលោកធ្វើការបែងចែកតាមតំបន់ ដែលមានតម្លៃចាប់ពី ១ ដុល្លារឡើងទៅ។ យោងតាមលោក សុលីយ៉ា ក្រុមហ៊ុនលោកនឹងធានាខុសត្រូវរាល់ទំនិញដែលខូចខាត និងរាល់ការបាត់បង់ដែលធ្វើឡើងដោយបុគ្គលិករបស់លោក។
ក្រុមហ៊ុនលោក ធ្វើការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងអតិថិជនមកពីគ្រប់មជ្ឈដ្ឋាន មិនថា ជាក្រុមហ៊ុន អង្គការ ឬស្ថាប័នណាមួយឡើយ ដរាបណាវាជាទំនិញដែលស្ងួត និងស្របច្បាប់។
លោកបន្តថា៖ «យើងទើបមកថ្មី វាត្រូវចំណាយពេលយូរដើម្បីឲ្យគេស្គាល់យើង។ ថ្វីបើនេះជាសេវាកម្មថ្មី ប៉ុន្តែវាកំពុងទទួលបានការពេញនិយមច្រើនគួរសមដែរ»។
ចុងក្រោយ លោក សុលីយ៉ា ក៏បានចែករំលែកនូវបទពិសោធផ្ទាល់ខ្លួនរបស់លោកថា៖ «ទោះបីជាខ្ញុំមិនទាន់ឈានទៅដល់ចំណុចនៃភាពជោគជ័យខ្លាំងនៃអាជីវកម្មនេះនៅឡើយ ប៉ុន្តែខ្ញុំមិនដែលគិតថា វាជារឿងដែលមិនអាចទៅរួចនោះទេ ហើយខ្ញុំក៏ចង់លើកទឹកចិត្តដល់យុវវ័យដែលពួកគាត់មានបំណងចង់បើកអាជីវកម្មរបស់ខ្លួនថា គ្មានអ្វីដែលមិនអាចទៅរួចនោះទេ បើមិនសាក មិនដឹងនោះទេ»៕
No comments:
Post a Comment